តើ Visa និង E-Visa ខុសគ្នាដូចម្ដេច ហើយតើអ្នកគួរជ្រើសរើសមួយណា?
នាពេលបច្ចុប្បន្ន ការធ្វើដំណើរឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ គឺមានងាយស្រួល និងលឿនរហ័សជាងពីមុន។ ប៉ុន្តែទន្ទឹមនឹងនេះ មុនពេលដែលអ្នកធ្វើការរៀបចំ ឬកក់សំបុត្រយន្តហោះនោះ មានរឿងសំខាន់មួយចំនួនដែលអ្នកធ្វើដំណើរត្រូវឈ្វេងយល់ ដែលនោះគឺការស្នើសុំទិដ្ឋាការ។ មានមនុស្សជាច្រើន នៅតែពុំទាន់យល់ច្បាស់អំពីទិដ្ឋាការ (Visa) និង ទិដ្ឋាការអេឡិចត្រូនិក (E-Visa) តើប្រភេទទិដ្ឋាការទាំងពីរនេះមានអ្វីខុសគ្នា ហើយមួយណាមានភាពងាយស្រួលជាង?
តើទិដ្ឋាការ (Visa) ជាអ្វី?
ទិដ្ឋាការ ជាលិខិតរអនុញ្ញាតជាផ្លូវការដើម្បីចូលទៅក្នុងប្រទេសជាក់លាក់ណាមួយ និងស្នាក់នៅក្នុងរយៈពេលកំណត់មួយ ជួនកាលប្រើក្នុងគោលបំណងជាក់លាក់ណាមួយដូចជាការងារ ការសិក្សា ការធ្វើដំណើរកម្សាន្ត ការទៅពិនិត្យសុខភាពនៅឯក្រៅប្រទេសជាដើម។ ការស្នើសុំទិដ្ឋាការប្រភេទនេះ រាល់ឯកសារដែលអ្នកដាក់ទៅស្ថានទូត ឬស្ថានកុងស៊ុល ត្រូវតែបកប្រែប្រឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ នេះហើយជាមូលហេតុដែលការជ្រើសរើសក្រុមហ៊ុនបកប្រែដែលមានបទពិសោធន៍ សំខាន់បំផុតសម្រាប់ការដាក់ពាក្យ Visa។ ប្រសិនបើអ្នក ត្រូវការបកប្រែឯកសារទៅសម្រាប់ Visa អ្នកអាចទាក់ទង Khmer Translators ដើម្បីទទួលបានព័ត៌មាន និងការពិគ្រោះយោបល់ដោយឥតគិតថ្លៃ។
ដើម្បីទទួលបានទិដ្ឋាការ (Visa) អ្នកត្រូវ៖
- ដាក់ពាក្យសុំទិដ្ឋាការ (Visa Application) តាមរយៈស្ថានទូត (Embassy) ឬ ស្ថានកុងស៊ុល (Consulate) គឺជាជំហានសំខាន់បំផុតសម្រាប់អ្នកធ្វើដំណើរទៅបរទេស។ ដើម្បីអនុម័តឱ្យចូលប្រទេស អ្នកត្រូវតែបំពេញលក្ខខណ្ឌ និងដាក់ឯកសារត្រឹមត្រូវ។ ដោយដំបូង អ្នកត្រូវទៅកាន់ស្ថានទូតនៃប្រទេសដែលអ្នកចង់ទៅ។ ឧទាហរណ៍៖ បើអ្នកចង់ទៅប្រទេសបារាំង អ្នកត្រូវដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូតបារាំងនៅប្រទេសកម្ពុជា។
- អ្នកត្រូវបំពេញទម្រង់បែបបទស្នើសុំទិដ្ឋាការ (Visa Application Form), ដាក់លិខិតឆ្លងដែន, រូបថត, ការទូទាត់ថ្លៃសេវា និងឯកសារផ្សេងៗដែលស្ថានទូតត្រូវការ។
- ប្រទេសខ្លះទាមទារ Visa Interview ដើម្បីបញ្ជាក់អត្តសញ្ញាណ និងគោលបំណងធ្វើដំណើររបស់អ្នក។
- បន្ទាប់ពីពាក្យសុំត្រូវបានអនុម័ត អ្នកនឹងទទួលបាន Visa Sticker ឬ Visa Stamp នៅក្នុងលិខិតឆ្លងដែន។
ទិដ្ឋាការបែបនេះ ទាមទារសម្រាប់៖ ការស្នាក់នៅរយៈពេលវែង ទៅធ្វើការ ឬបន្តសិក្សា ប្រទេសដែលមានតម្រូវ ការចូលយ៉ាងតឹងរ៉ឹងជាដើម។
តើទិដ្ឋាការអេឡិចត្រូនិក (E-Visa) ជាអ្វី?
ទិដ្ឋាការអេឡិចត្រូនិក (E-Visa) គឺជាទិដ្ឋាការទំនើប លឿនជាងមុន និងងាយស្រួលជាងមុន។ វាត្រូវបានប្រើជាឯកសារផ្លូវការ ដែលផ្តល់ការអនុញ្ញាតឱ្យចូល និងធ្វើដំណើរនៅក្នុងប្រទេសជាក់លាក់មួយ។ ជាទូទៅ ទិដ្ឋាការអេឡិចត្រូនិកផ្តល់សិទ្ធិដូចគ្នានឹងទម្រង់ទិដ្ឋាការក្រដាសបែបប្រពៃណីដែរ ដោយគ្រាន់តែទិដ្ឋាការ (Visa) ត្រូវធ្វើការស្នើសុំនៅឯស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសដែលអ្នកចង់ទៅ ចំណែកទិដ្ឋាការអេឡិចត្រូនិក (E-Visa) គឺប្រតិបត្តការតាមរយៈប្រព័ន្ធអ៊ីនធឺណិត។
ដើម្បីទទួលបានទិដ្ឋាការអេឡិចត្រូនិក (E-Visa) អ្នកត្រូវ៖
- ដាក់ពាក្យតាមអ៊ីនធឺណិតតាមរយៈគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលប្រទេសគោលដៅ
- បញ្ចូលរូបថត ច្បាប់ចម្លងលិខិតឆ្លងដែន និងបំពេញទម្រង់ឌីជីថល
- បង់ថ្លៃសេវាតាមអ៊ីនធឺណិត បន្ទាប់មកអ្នកនឹងទទួលបានទិដ្ឋាការដែលត្រូវបានអនុម័ត តាមរយៈអ៊ីមែល ឬ PDF ចុងក្រោយអ្នកគ្រាន់តែធ្វើការរក្សាទុក ហើយយកភ្ជាប់មកជាមួួយអ្នកជាការស្រេច។
ទិដ្ឋាការអេឡិចត្រូនិក (E-Visa) គឺល្អសម្រាប់៖ ការធ្វើដំណើររយៈពេលខ្លី ការធ្វើទេសចរណ៍ ការធ្វើដំណើរលក្ខណៈអាជីវ-កម្ម អ្នកធ្វើដំណើរដែលចង់បានដំណើរការរហ័ស និងងាយស្រួល ព្រោះថាអ្នកមិនចាំបាច់ទៅធ្វើការស្នើសុំផ្ទាល់ណាមួយទេ ដោយអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើពីទូរស័ព្ទ ឬកុំព្យូទ័រយួរដៃរបស់អ្នក។
បញ្ជាក់៖ ចំពោះព័ត៌មានលម្អិតនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ (Visa) ឬ ទិដ្ឋាការអេឡិចត្រូនិក (E-Visa) អ្នកគួរតែពិនិត្យលម្អិតនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតនៃប្រទេសដែលអ្នកចង់ទៅ។
ក្រុមហ៊ុនបកប្រែ Khmer Translators